សិក្ខាសាលា​ស្ដីពី​ការ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​វិធី​លេប​ថ្នាំ​បង្ការ​ជា​មុន​​នៅ​កម្ពុជា​ នា​ពេល​ត្រូវ​ប្រព្រឹត្ត​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេដស៍

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on email

ភ្នំពេញ៖ ដោយចង់បង្ការការឆ្លងមេរោគអេដស៍ ដែលជាទង្វើបារម្ភពីសុខុមាលភាពនៃសាធារណជន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺសើស្បែក និងកាមរោគ (NCHADS) ក្រោមការឧបត្ថម្ភរបស់អង្គការ UNAIDS និង សហការជាមួយគម្រោង EpiC បានរៀបចំសិក្ខាសាលាស្តីពីការប្រកាសដាក់ឱ្យអនុវត្តវិធីលេបថ្នាំបង្ការជាមុន នៅពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ដែលហៅកាត់ថា «ប្រឹព PrEP» ក្នុងប្រទេសកម្ពុជា។ សិក្ខាសាលានេះ នឹងប្រារព្ធធ្វើក្នុងរាជធានី-ខេត្ត ចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។

កម្ពុជាក្លាយជាប្រទេសមួយនៃចំណោម ៧ ប្រទេស នៅក្នុងសកលលោកបានសម្រេចគោលដៅ «៩០-៩០-៩០» មានន័យថា ៩០ ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួន ៩០ ភាគរយនៃអ្នកដែលដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍បានទទួលការព្យាបាល ដោយឱសថប្រឆាំងនឹងមេរោគអេដស៍ និង ៩០ ភាគរយ នៃអ្នកកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍ក្នុងខ្លួនទាបបំផុតហៅ viral load suppression របស់អង្គការ UNAIDS មុនឆ្នាំ ២០២០។

បើទោះជាប្រទេសកម្ពុជា សម្រេចបាននូវភាពជោគជ័យក្នុងការឆ្លើយតបនឹងមេរោគអេដស៍ជាច្រើនក្តីក៏ការឆ្លងមេរោគអេដស៍ថ្មីនៅតែបន្តកើតមាន ជាពិសេសក្នុងចំណោមក្រុមប្រជាជនប្រឈមមុខខ្ពស់ រួមមានស្ត្រីបម្រើសេវាកម្សាន្ត ក្រុមបុរសរួមភេទជាមួយបុរស ស្ត្រីក្លែងភេទ និងក្រុមអ្នកចាក់គ្រឿងញៀន។

តាមរយៈអង្គការសុខភាពពិភពលោក (WHO) វិធីលេបថ្នាំបង្ការជាមុននៅពេលមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ហៅថា ប្រឹព (PrEP) ជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពលើសពី ៩០ ភាគរយនៅក្នុងការបង្ការការចម្លងមេរោគអេដស៍ ពេលដែលលេបវារាល់ថ្ងៃ។ ប្រឹព រួមជាមួយនឹងការធ្វើតេស្តរកមេរោគអេដស៍ និងកាមរោគ ការព្យាបាល ការប្រើប្រាស់ស្រោមអនាម័យ និងទឹករំអិលនឹងពង្រីកកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈមួយក្នុងប្រទេសកម្ពុជា។

វេជ្ជបណ្ឌិត ស្ទីវ វីកណល ប្រធានគម្រោង EpiC នៃអង្គការ FHI 360 បានបន្ថែមថា៖ «តាមរយៈបទពិសោធជាសកល យើងអាចប្រាកដថា ប្រឹពមានប្រសិទ្ធភាព។ នៅទីកន្លែងដែលមានថ្នាំប្រឹព (KhmerPrEP) ត្រូវបានទទួលយក និងប្រើជាទូទៅដោយបុគ្គល ដែលអាចមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគអេដស៍ យើងសង្កេតឃើញថា អត្រានៃការឆ្លងមេរោគអេដស៍ថ្មី អាចត្រូវបានកាត់បន្ថយជាង ៩០ ភាគរយ ប្រសិនបើប្រើវាជាប្រចាំនោះ។ យើងមានមោទនភាពក្នុងការគាំទ្រដល់ NCHADS ក្នុងការដាក់ឱ្យដំណើការ ខ្មែរប្រឹព (KhmerPrEP) និងលើកទឹកចិត្តដល់សហគមន៍ទាំងអស់ដែលមានហានិភ័យឱ្យចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍដ៏សំខាន់នេះ»។

វេជ្ជបណ្ឌិត វ្ល៉ាដាន់កាអាន់ឌ្រីវ៉ា នាយិកាប្រចាំប្រទេសរបស់អង្គការ UNAIDS ក្នុងប្រទេសកម្ពុជា ក៏បានបញ្ជាក់ថា៖ «យើងមិនអាចបញ្ឈប់ការឆ្លងមេរោគអេដស៍ថ្មីក្នុងប្រទេសកម្ពុជា បានទេ ប្រសិនបើយើងប្រកាន់ខ្ជាប់អនុវត្តការងារដូចធម្មតា។ យើងចាំបាច់ត្រូវពង្រីកប្រឹពជាអន្តរាគមន៍បង្ការមេរោគអេដស៍បន្ថែម ដែលមានប្រសិទ្ធភាព។ ការផ្តល់ប្រឹព ដឹកនាំដោយសហគមន៍ អាចត្រូវបានបញ្ចូលក្នុងសេវាបង្ការមេរោគអេដស៍ដែលមានស្រាប់ និងជាគន្លឹះនៅក្នុងការរក្សាការគ្រប់គ្រងនៃការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ ដែលគំរាមកំហែងដល់សុខភាពសាធារណជន»។

លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺសើស្បែក និងជំងឺកាមរោគមានប្រសាសន៍ថា៖ «បន្ទាប់ពីសិក្ខាសិលាប្រកាសដាក់ឱ្យអនុវត្តវិធីលេបថ្នាំបង្ការជាមុន ពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគ ក៏រៀបចំឱ្យមានការបង្វឹកដល់អ្នកផ្តល់សេវាតាមបណ្តាគ្លីនីកនៅទូទាំង រាជធានី-ខេត្ត ទាំង ៥ នេះផងដែរ»។

ខណៈយុទ្ធនាការនេះ បានធ្វើនៅភ្នំពេញកាលពីថ្ងៃទី ២ វិច្ឆិកា និងខេត្តកណ្តាល កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងមក ហើយនៅខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ នឹងធ្វើបន្តពីស្ថានភាពល្អប្រសើរក្រៅពីការផ្ទុះជំងឺកូវីដ ១៩ ឡើងវិញ។

ចង់ស្វែងយល់ពីការការពារនូវសុខុមាលភាព និងការប្រើប្រាស់ថ្នាំ ប្រឹព (PrEP) បានត្រឹមត្រូវនោះ អាចចូលទៅកាន់គេហទំព័រ https://www.facebook.com/kapeakh និងតាមគេហទំព័រ https://-tohtest.org/

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ព័ត៌មានថ្មីៗ