អំពីយើង

ដើម្បីចូលរួមចំណែកកាត់បន្ថយការឆ្លងរាលដាលមេរោគអេដស៍ និងឈានទៅសម្រេចបាននូវគោលដៅលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍នៅព្រះរាជាណាចក្រកម្ពុជានាឆ្នាំ២០២៥  មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងដៃគូអភិវឌ្ឍន៍នានាបានធ្វើបទអន្តរាគមន៍ជាច្រើន ជាពិសេសការអប់រំផ្សព្វផ្សាយទាំងដោយជួបផ្ទាល់តាមរយ:បណ្តាញសង្គម ក៏ដូចជាបង្កើតនូវយុទ្ធនាការថ្មីមួយនេះ ក្នុងគោលបំណងផ្សព្វផ្សាយនិងផ្តល់ព័ត៌មានទាក់ទងនឹងការបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍និងកាមរោគដល់ប្រជាជនទូទៅ ជាពិសេសក្រុមដែលមានការប្រព្រឹត្តប្រឈមខ្ពស់ទៅនឹងការឆ្លងមេរោគអេដស៍។

“ការពារខ្លួនអ្នក” គឺជាបណ្តាញទំនាក់ទំនងសង្គម ដែលបង្កើតឡើងដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ ក្នុងគោលបំណងផ្តល់ព័ត៌មានពិត និងយកចិត្តទុកដាក់ចំពោះសុខភាពរបស់សាធារណជនគ្រប់រូប ដើម្បីធ្វើឱ្យជីវិតរស់នៅរបស់យើងទាំងអស់គ្នាកាន់តែមានភាពល្អប្រសើរឡើង ។ យើងនឹងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដើម្បីបញ្ជ្រាបនូវព័ត៌មាននិង ចំណេះដឹងអំពីសេវាសុខភាពនានា ជាពិសេសទាក់ទងនឹងវិធីបង្ការ ថែទាំ និងព្យាបាលជំងឺកាមរោគ ជំងឺអេដស៍ ព្រមទាំងសេវាគាំទ្រដទៃទៀត ដើម្បីជាទុនសម្រាប់ផ្លាស់ប្តូរការប្រព្រឹត្តដែលមានហានិភ័យខ្ពស់ ទៅជាការប្រព្រឹត្តប្រកបដោយសុវត្ថិភាព និងទៅទទួលបានសេវានានាដែលទាក់ទងនឹងសុខភាព ក៏ដូចជាជំងឺអេដស៍ និងជំងឺកាមរោគ ឱ្យបានសមស្របនិងទាន់ពេលវេលា។

នាពេលថ្មីៗនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ និងអង្គការ  FHI 360 ក្រោមគំរោង Linkages បានផលិតរឿងភាគខ្លីចំនួន២ រួមមាន រឿងទី១មានចំណងជើងថា “បុកល្ហុងGoogle” ដែលឧបត្ថម្ភថវិកាដោយ USAID និងរឿងទី២ មានចំណងជើងថា “ហានិភ័យស្នេហ៍” ឧបត្ថម្ភថវិកាដោយមូលនិធិសកល (GFATM) ។ រឿងភាគទាំងពីរ ជារឿងអប់រំស្តីពីការបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍និងកាមរោគ ហើយរឿងទាំងពីរភាគនេះក៏បានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមចំនួន ៣ រួមមាន: Facebook YouTube និង Instagram ដែលមានឈ្មោះថា “ការពារខ្លួនអ្នក” និងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើនផងដែរ។ អ្វីដែលគួរជាទីមោទនភាពបំផុតនោះគឺថា រឿងភាគខ្លីដែលមានចំណងជើងថា “បុកល្ហុងGoogle”  របស់យើងត្រូវបានជ្រើសរើសយកទៅផ្សព្វផ្សាយនៅសន្និសីទអន្តរជាតិស្តីអំពីជំងឺអេដស៍នៅទីក្រុង SanFrancisco សហរដ្ឋអាមេរិកកាលពី ខែកក្កដាឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ និងបន្តចែកជូនទៅកាន់ប្រទេសជាច្រើន ដើម្បីផ្សព្វផ្សាយបន្តតាមតំរូវការរបស់ប្រទេសនិមួយៗ។

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាលសង្ឃឹមថាយុទ្ធនាការថ្មីមួយនេះនឹងទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់សាធារណជនគ្រប់រូប និងផ្តល់ជូននូវព័ត៌មានសុខភាពថ្មីៗ វិធីបង្ការ និងព្យាបាលពីជំងឺនានាដល់សាធារណជនគ្រប់រូបដើម្បីស្វែងយល់បន្ថែមជុំវិញសុខភាពប្រចាំថ្ងៃរបស់យើង។